១/ និស្សិតក្រីក្រ រៀនទាំងត្រដរ ប្រឹងប្រែងតស៊ូ
ទាំងថ្ងៃទាំងយប់ មិនហ៊ានរអ៊ូ គិតតែពីគូរ
ត្រង់ការសិក្សា។
២/ បួនឆ្នាំយូរម៉្លេះ ទ្រូងស្ទើររលេះ បែកញែកក្តៅផ្សា
តស៊ូលំបាក គ្មានអ្វីដោះសា រស់ក្នុងលោកា
ជីវិតអភ័ព្វ។
៣/ គ្មានអ្នកណាជួយ គ្រាន់ជាជំនួយ ប្រសើរគួរគាប់
ខ្លួនចូលចិត្តរៀន ប៉ុន្តែខ្វះទ្រព្យ បានប្រលងជាប់
កំណត់ចាកចេញ។
៤/ បន្តសិក្សា រៀនយកបរិញ្ញា បត្រនៅភ្នំពេញ
ចំនួន៤ឆ្នាំ លំបាកម្តេចមិញ បានតែទន្ទេញ
ខ្ញុំក្រអ្វីម្ល៉េះ?
៥/ រាប់រយដុល្លារ តើរកពីណា បានលុយទាំងនេះ?
សិក្សាតទៀត អោយខ្លួនពិសេស អ្នកមានចំណេះ
ខ្លួនបានប្រសើរ។
៦/ ចៃដន្យវាសនា បានជួបបុញ្ញា មានអ្នកជំនួយ
គេប្រាប់រូបខ្ញុំ ចូរក្មួយកុំព្រួយ អ៊ំជាក់នឹងជួយ
ក្មួយកុំបារម្ភ!
៧/ រៀនអោយបានខ្ពស់ ក្មួយមានកិត្តិយស ឧត្តុង្គឧត្តម
កុំភ័យរឿងលុយ ក្មួយឯងត្រូវខំ កុំអោយម៉ាក់អ៊ំ
ត្រូវខកបំណង។
៨/ តែមានរឿងមួយ បញ្ជាក់ជូនក្មួយ អោយបានដឹងផង
សម្រេចដូចចិត្ត ដោយកី្តប៉ុនប៉ង ជំនួយចំណង
តាមការស្នើសុំ។
៩/ពេលចប់សិក្សា ក្មួយត្រូវរៀបការ ជាមួយកូនខ្ញុំ
នាងឈ្មោះលីនដា អ៊ំនឹងផ្សំផ្គុំ មានចាស់មានទុំ
ប្រពៃណីតាដូន។
១០/កុំភ័យលុយកាក់ អ៊ំប្រាកដជាក់ ជួយគ្រប់ចំនួន
ឧបត្ថម្ភសិក្សា ដល់វាសនាប្អូន តែត្រូវប្រុសស្ងួន
ជួបអ៊ំវិញផង។
១១/ជួយគ្រប់វេលា ជួយក្មួយគ្រប់គ្រា នាវាចម្លង
កី្តទុក្ខកង្វល់ ដែលរួបរឹតផង ស្រាយពីចំណង
អោយស្បើយទៅអើយ!
0 comments:
Post a Comment