១/ អ្ហោះឱអនិច្ចាជីវិតខ្ញុំ រស់មិនសុខដុមដូចគេឯង
រាល់ថ្ងៃទុក្ខព្រួយសែនចំបែង កំណាព្យចារចែងពីរឿងពិត។
២/ ខ្ញុំបាទនាមឈ្មោះពេជ្រសំណាង សូមលាតត្រដាងជូនប្រិយមិត្ត
ក្មេងចាស់ប្រុសស្រីទោះឆ្ងាយជិត កួចចិត្តនែបនិត្យឬយ៉ាងណា។
៣/ និស្សិតក្រីក្រតស៊ូរៀន
ខ្លួនត្រូវឃ្លាតប្រាណពីគ្រួសារ
លោកអ្នកមានគុណក្នុងគេហា បន្តសិក្សានៅបៀលប្រាយ។
៤/ បរិញ្ញា៤ឆ្នាំហាក់យូរម្ល៉េះ!
ទ្រូងអើយស្ទើរបេ្រះរលេះកាយ
ម្យ៉ាងខ្លួនឃ្លាតមកដល់ស្រុកឆ្ងាយ រស់នៅរាយប៉ាយកន្លែងគេ។
៥/ រាល់ថ្ងៃសែនព្រួយទុក្ខគ្មានល្ហែ កុំអោយអ្នកស្រែគេដៀលជេរ
រស់ផងរៀនផងខំសរសេរ កំណាព្យហូរហែជូនគ្រាន់ត្រាប់។
៦/ ធ្វើម៉េចកើតមកជាកូនប្រុស ខំប្រឹងរៀនចុះគង់ចំណាប់
ដោះស្រាយរឿងអ្វីដោយផ្លូវច្បាប់ អ្នកល្អមានស្រាប់គឺបណ្ឌិត។
៧/ ទោះសាលានោះឆ្ងាយឃ្លាតគ្នា ក៏ខំពុះពារមិនដែលគិត
លំបាកយ៉ាងណាទុកក្នុងចិត្ត គិតតែប្រព្រឹត្តកុំខ្មាសអៀន។
៨/ ទោះបីខ្លួនក្រគ្មានទ្រព្យា
មិនមានលុយហៀរដូចអ្នកមាន
ក៏ខំម្នាក់ឯងតស៊ូរៀន ក្រប្រែជាមាននៅថ្ងៃក្រោយ។
៩/ រៀនផងព្រួយផងដល់លុយបង់ សាលាពិតត្រង់មិនដែលធ្លោយ
ព្រឹកគិតល្ងាចគិតមិនបណ្តោយ ទោះមានអំណោយគេថាជួយ។
១០/ តែមិនតូចចិត្តនឹងវាសនា
មានហ៊ានតវ៉ាត្បិតខ្លួនមួយ
ព្រហ្មលិខិតកំណត់ជាក់ត្រូវព្រួយ គ្មានគេលើកស្ទួយក្រៅខ្លួនឯង។
១១/ មួយសបា្តហ៍បានរៀនតែពីរថ្ងៃ គិតហើយសង្ស័យមិនដែលលេង
សៅរ៍អាទិត្យយូរពិតតែចំបែង ភ័យពិតជាក់ស្តែងក្នុងចិត្តចាំ។
១២/ ម្យ៉ាងបង់សាលាម្យ៉ាងបង់ផ្ទះ អស់លុយច្រើនណាស់ក្នុង៤ឆ្នាំ
ត្រូវបង់អោយគេជាប្រចាំ
តាមការចំណាំ១ខែម្តង
១៣/ តើជីវិតខ្ញុំប្រែយ៉ាងណា? បើការសិក្សាតាមចិត្តប៉ង
ចប់បរិញ្ញាអនុបណ្ឌិតផង! នេះតាមបំណងខ្លួនចង់បាន។
១៤/ មិនតូចចិត្តទេឃើញគេមាន មាសពេជ្រចិញ្ជៀនដុល្លារឡាន
ខំតែសិក្សាដោយក្លាហាន នឹងបានសុខសាន្តខ្លួនខ្ពង់ខ្ពស់។
១៥/ សូមផ្តាំដល់អ្នកចង់សិក្សា គួរខំស្រវ៉ាតិចជ្រុលហួស
ខំក្រេបជញ្ជក់វិជ្ជានោះ នឹងមានកិត្តិយសមិនខានឡើយ៕
0 comments:
Post a Comment