តើចំណេះដឹងគឺជាអ្វី?
១/ មានមនុស្សជាច្រើនសញ្ជឹងគិត តើវិជ្ជាពិតនៅទីណា?
ហេតុអ្វីបានជាក្នុងលោកា ព្យាយាមសិក្សាគ្រប់ៗគ្នា។
២/ តាំងពីថ្នាក់តូចដល់ថ្នាក់ខ្ពស់ ធ្វើដំណើរឆ្ពោះអស់ទ្រព្យា
តស៊ូរៀនសូត្រឥតគណនា ខ្លះចាស់ជរាក៏មិនស្តាយ។
៣/ តើនេះដោយសារតែហេតុអ្វី? ទើបមនុស្សប្រុសស្រីមិនជិនណាយ
ហាត់ពត់លុតដំបន្ទំកាយ ខ្នះខ្នែងខ្វល់ខ្វាយរកចំណេះ។
៤/ ជនណាបានរៀនខ្លួនប្រសើរ ឈានធ្វើដំណើរមិនប្រហែស
សិក្សាវិជ្ជាអោយបានចេះ ឆ្លៀតយកតម្រិះទៅថ្ងៃក្រោយ។
៥/ ចំណេះពិតជាក់ខ្ពស់ឧត្តម វិជ្ជារួមផ្សំនេះស្នងអោយ
ស្វែងរកការងារណាក៏ដោយ ល្អណាស់មិនធ្លោយដូចជនល្ងង់។
៦/ បម្រើការងារប្រាក់ខែខ្ពស់ មានទាំងកិត្តិយសខ្ពស់ឧត្តុង្គ
ក្មេងចាស់ប្រុសស្រីតែងលិចលង់ ព្រោះតែឆោមយង់ចងគំនិត។
៧/ ទោះការគិតគូរល្អឥតខ្ចោះ មិនមានចន្លោះច្រាសក្នុងចិត្ត
គិតហើយសឹមគូររក្សាស្ថិត ចាំទុកក្នុងចិត្តមិនភ្លេចថ្ងៃ។
៨/ ចំណេះវិជ្ជាមានច្រើនល្អ ផ្លូវលោកផ្លូវធម៌ល្អពេកក្រៃ
ខំប្រឹងទន្ទេញទាំងយប់ថ្ងៃ លកលៃកែខៃទាន់នៅក្មេង។
៩/ លះបង់គំនិតទិដ្ឋិខុស ក្នុងនាមកូនប្រុសកុំដើរលេង
រៀនច្រើនចម្រើនទាំងវ័យក្មេង ស៊យប្រែជាហេងថ្ងៃអវសាន។
១០/ អ្នកមានចំណេះមានទាំងប្រាក់ សប្បាយហ៊ឹកហ៊ាក់អ្វីក៏បាន
រស់នៅមានន័យសុខសាន្តត្រាណ មានទាំងលុយឡានប្រាក់ហៀរហូរ
១១/ មានខ្ញុំកំដរទាំងឆ្វេងស្តាំ រីករាយប្រចាំឬដោះដូរ
ជ្រើសរើសអ្នកថ្មីមកបន្ទោ មានទាំងស្រគររង់ចាំស្រាប់។
១២/ កវីបណ្ឌិតអ្នកប្រាជ្ញផង បានរៀបចងក្រងជាច្រើនច្បាប់
ស្នាដៃនិពន្ធយ៉ាងចំណាប់ រៀបរាប់សារសាប់ឆ្លុះបញ្ចាំង។
១៣/ សៀវភៅលក់នៅបណ្ណាគារ គ្រប់ទីនានាដាក់ទូរតាំង
តម្កល់រង់ចាំមិនបិទបាំង មានទាំងក្នុងឡាំងល្អពេកកូវ។
១៤/ ដូច្នេះចូរអ្នកខំឧស្សាហ៍ រៀនវិជ្ជាណាដែលត្រឹមត្រូវ
កិត្តិយសខ្ពស់ថ្លាមិនអាស្រូវ គ្រាន់បង្ហាញផ្លូវសព្វទីឋាន។
១៥/
ចំណេះចេះពិតមិនបាត់បង់ ទោះមានគេចង់មករំខាន
ចោរប្រឹងយ៉ាងណាទោះក្ស័យប្រាណ ក៏លួចពុំបានទេអ្នកអើយ!
១៦/
អញ្ចឹងហើយអ្នកអើយខំសិក្សា យើងបុត្រខេមរាកុំកន្តើយ
វិជ្ជាពិតនេះផ្តល់ចម្លើយ ប្រាកដតបឆ្លើយថ្ងៃណាមួយ។
១៧/
ម្យ៉ាងយើងយុវជនយុវវ័យ កុំយកច្បាប់ព្រៃពន្លកត្រួយ
បើអ្នកខុសពិតមិនអាចជួយ ធ្វើខុសញយៗគង់មានទោស។
១៨/
កើតមកជាមនុស្សត្រូវស្គាល់ខុស អ្នកមានកំហុសធ្វើជ្រុលជ្រួស
ខំប្រឹងយកឈ្នះត្រដាបដួស គ្មានទេកិត្តិយសចំពោះខ្លួន។
១៩/ អ្នកប្រាជ្ញចាំចេះប្រសើរគាប់ រស់នៅមានភ័ព្វថែមមាំមួន
គឺលោកខំរៀនពីច្បាប់ក្បួន ដូច្នេះប្អូនៗគួរខំថែ។
២០/ ភ័ព្វព្រេងសំណាងចារជូនអ្នក បានកើតចំជាក់ជាកូនខ្មែរ
រក្សាស្នាដៃដែលពូកែ តាយាយពុកម៉ែបន្សល់មក។
២១/ ព្រោះហេតុនេះហើយចូររាល់គ្នា ខំប្រឹងពុះពារមានជ័យជោគ
សែនល្បីរន្ទឺពេញលើលោក ខ្ពស់ដូចពពកលើវេហាស៍។
២២/ កម្ពុជាប្រទេសអស្ចារ្យណាស់ ភ្ញៀវជាតិក្មេងចាស់មកទស្សនា
កម្សាន្តរីករាយក្នុងកាយា មានទាំងអប្សរារាំស្វាគមន៍។
0 comments:
Post a Comment